Vietnam Tourism

  • ត្រជាក់កាយ៖ ភេសជ្ជៈវៀតណាមដ៏ឆ្ងាញ់ពិសាទាំង ៧ មុខ

    រូបថតទាំងអស់ដោយ Chrisitan Berg

ស្លាកសញ្ញា ‘Giải khát’ មាននៅពាសពេញប្រទេសវៀតណាម ដោយអញ្ជើញមនុស្សគ្រប់ស្រទាប់វណ្ណៈឱ្យមក ‘កាត់បន្ថយការស្រេកទឹក’។ ប្រទេសនេះអាចនឹងត្រូវបានគេស្គាល់ថាជា ឋានសួគ៌របស់អ្នកចូលចិត្តញ៉ាំអាហារ ប៉ុន្តែភេសជ្ជៈរបស់វាក៏មានរសជាតិឆ្ងាញ់មិនចាញ់ម្ហូបអាហាររបស់ខ្លួនដែរ។ ការឈប់សម្រាកដើម្បីពិសារភេសជ្ជៈ គឺដូចជាការជួបជុំគ្នាដ៏ពិសេសមួយ៖ ពេលវេលាដើម្បីសម្រាកនៅលើចិញ្ចើមផ្លូវ និងជជែកកំសាន្ត។ មិនថាអ្នកទៅទីណាក្នុងប្រទេសវៀតណាមទេ ភេសជ្ជៈដែលជួយឱ្យមានកម្លាំងឡើងវិញគឺមិននៅឆ្ងាយឡើយ។ ខាងក្រោមនេះជាភេសជ្ជៈដ៏ឆ្នើមទាំង ៧ មុខសម្រាប់បញ្ជីរបស់អ្នក។


Cà phê sữa đá

ភេសជ្ជៈវៀតណាមល្អបំផុត

កាហ្វេមួយកែវតាមបែបវៀតណាម នឹងធ្វើឱ្យអ្នកមានស្មារតីស្រឡះ និងស្វាហាប់។ គ្រាប់កាហ្វេ robusta របស់វៀតណាម បង្កើតបានជាកាហ្វេដ៏ខ្លាំងក្លា ជាមួយនឹងរសជាតិឈ្ងុយឆ្ងាញ់ និងដិតជាប់ចិត្ត ដែលធ្វើឱ្យអ្នកឆាប់ជក់ចិត្តដកកាយមិនរួច។ Cà phê sữa đá គឺជាការលាយបញ្ចូលគ្នារវាងកាហ្វេតម្រងតក់ (drip-filter) ជាមួយទឹកដោះគោខាប់ និងទឹកកកយ៉ាងច្រើនដើម្បីឱ្យមានរសជាតិស្រទន់។


Nước mía

ភេសជ្ជៈវៀតណាមល្អបំផុត

ភេសជ្ជៈដែលមានជាតិស្ករ ប៉ុន្តែក៏ល្អចំពោះសុខភាព? Nước mía ឬទឹកអំពៅ គឺជាការភ្ញាក់ផ្អើលដ៏រីករាយសម្រាប់អ្នកដំណើរភាគច្រើន។ អ្នកលក់កិនដើមអំពៅយឺតៗតាមម៉ាស៊ីនកិន ដើម្បីច្របាច់យកទឹកដ៏ផ្អែមល្ហែម។ ច្របាច់ក្រូចឆ្មារបន្តិច ហើយទទួលទានជាមួយទឹកកក ដើម្បីទទួលបានថាមពលពីធម្មជាតិឡើងវិញ។


Trà quất 

បន្ទាប់ពីដើរកម្សាន្តក្រោមពន្លឺថ្ងៃរួចមក គួរសម្រាកនៅហាងកាហ្វេជាមួយ Trà quất មួយកែវ។ តែទឹកកកដ៏សាមញ្ញមួយដែលមានរសជាតិក្រូចឆ្មារ និងទឹកឃ្មុំ ភេសជ្ជៈដ៏មានរសជាតិនេះនឹងជួយឱ្យអ្នកមានកម្លាំងឡើងវិញភ្លាមៗ។ អ្នកថែមទាំងអាចរកវាបាននៅតាមហាងកាហ្វេល្បីៗដូចជា Cong Ca Phe និង The Coffee House ផងដែរ។


ការណែនាំអំពីភេសជ្ជៈវៀតណាម

Sinh tố

ភេសជ្ជៈវៀតណាមល្អបំផុត

ជនជាតិវៀតណាមគឺជាអ្នកជំនាញក្នុងការកែច្នៃគ្រឿងផ្សំស្រស់ៗឱ្យទៅជាអាហារសម្រន់ដ៏ពិសេស។ Sinh tố គឺជាឧទាហរណ៍មួយក្នុងចំណោមនោះ៖ ការលាយបញ្ចូលគ្នាយ៉ាងឆ្ងាញ់ពិសានៃផ្លែឈើត្រូពិច -- ស្រកានាគ ចេក ម្នាស់ ស្វាយ បឺរ និងផ្លែឈើដទៃទៀត -- ក្រឡុកជាមួយទឹកកក និងទឹកដោះគោខាប់បន្តិច។ 


Chanh tuyết 

កែវត្រជាក់ស្រេបដែលពោរពេញទៅដោយ ‘ទឹកកកក្រូចឆ្មារ’ ជូរអែម គឺជាអ្វីដែលធ្វើឱ្យ Chanh tuyết ក្លាយជាភេសជ្ជៈដ៏ឆ្ងាញ់ពិសាអស្ចារ្យ។ ផ្សំឡើងពីទឹកកក ទឹកក្រូចឆ្មារ សំបកក្រូចឆ្មារកោស និងស្ករបន្តិច វាត្រូវបានបម្រើជូនជាមួយទុយោ និងស្លាបព្រាដើម្បីឱ្យអ្នកងាយស្រួលទទួលទាន។ ស្វែងរកវាបាននៅតាមហាងកាហ្វេនានាទូទាំងប្រទេស។


Trà đá

ភេសជ្ជៈវៀតណាមល្អបំផុត

មិនថាអ្នកនៅទីណាឡើយ តូបលក់ Trà đá គឺនៅជិតបង្កើយ។ ប្រសិនបើអ្នកឃើញកៅអីជ័រតូចៗ និងកែវទឹកតម្រៀបគ្នាជាក្រុមនៅប្រទេសវៀតណាម អ្នកអាចប្រាកដណាស់ថាពួកគេលក់តែបៃតងទឹកកកនេះហើយ។ ដើម្បីទទួលបានរសជាតិដូចអ្នកស្រុកពិតៗ គួរកុម្ម៉ង់មួយកែវជាមួយអាហារតាមចិញ្ចើមផ្លូវរបស់អ្នកនៅពេលអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច។ 


Bia hơi

ទាញកៅអីអង្គុយនៅហាងស្រាបៀរណាមួយក្នុងភាគខាងជើងនៃប្រទេសវៀតណាម ហើយអ្នកនឹងទទួលបានកែវដ៏ធ្ងន់មួយនៃស្រាបៀរ Bia hơi ពណ៌មាសដែលមានពពុះច្រើន។ ស្រាបៀរស្រស់ដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគ (unpasteurised) នេះគឺស័ក្តិសមបំផុតក្នុងការញ៉ាំជាមួយសណ្តែកដី អាហារសម្រន់បំពង ឬអាហារពេលល្ងាចជាលក្ខណៈគ្រួសារដ៏ធំ។ អ្វីដែលល្អបំផុតនោះគឺ មួយកែវដែលមានពពុះហុយៗនេះមានតម្លៃត្រឹមតែ 8,000VND ប៉ុណ្ណោះ។ ជល់កែវ!


ចង់បានគំនិតធ្វើដំណើរក្នុងប្រទេសវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះសម្រាប់ព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានរឿងរ៉ាវល្អៗបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។