Vietnam Tourism

  • ដើរកម្សាន្តតាមភូមិសូត្របុរាណប្រពៃណីរបស់វៀតណាម

 

ស្របពេលជាមួយគ្នានឹងការអភិវឌ្ឍ និងការធ្វើទំនើបកម្មកាន់តែខ្លាំងឡើងនៃសង្គម មានភូមិរបរដោយដៃប្រពៃណីជាច្រើនដែលនៅតែបន្តមានវត្តមាន រួមជាមួយផលិតផលប្លែកៗជាច្រើនដែលផ្ទុកទៅដោយតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាម។

  1. ភូមិសូត្រ Van Phuc, Ha Dong, Ha Noi

ភូមិសូត្រ Van Phuc គឺជាភូមិបុរាណមួយដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌ Ha Dong ដែលមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុងហាណូយ។ ភូមិនេះមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយក្នុងការផលិតផលិតផលសូត្រដែលមានគុណភាពខ្ពស់ តាំងពីរជ្ជកាល Ly ក្នុងសតវត្សទី១១។ ទោះជាយ៉ាងណាក៏ដោយ ភូមិនេះមិនទាន់ល្បីល្បាញខ្លាំងនោះទេរហូតមកដល់សតវត្សទី១៩ សម្រាប់ការត្បាញសូត្រ ហើយបានក្លាយជាភូមិរបរប្រពៃណីមួយក្នុងចំណោមភូមិដែលមានភ្ញៀវទេសចរមកទស្សនាច្រើនជាងគេនៅហាណូយ។

vp

សូត្រ Van Phuc ត្រូវបានទទួលស្គាល់ដោយសារតែភាពទន់រលោង ស្រាល និងត្រជាក់របស់វា ដែលធ្វើឱ្យវាក្លាយជាទីពេញចិត្តសម្រាប់ទាំងអ្នកស្រុក និងភ្ញៀវទេសចរ។ ក្នុងរជ្ជកាលស្តេច Nguyen សូត្រ Van Phuc ត្រូវបានប្រើប្រាស់ដើម្បីកាត់សម្លៀកបំពាក់សម្រាប់សមាជិករាជវង្សនៃព្រះបរមរាជវាំង Hue។ ក្រោយមក សូត្រ Van Phuc ត្រូវបាននាំយកទៅអឺរ៉ុបជាលើកដំបូង ហើយទទួលបានការពេញនិយមយ៉ាងខ្លាំងបន្ទាប់ពីត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍សូត្រអន្តរជាតិនៅប្រទេសបារាំងក្នុងទសវត្សរ៍ឆ្នាំ១៩៣០។

ការទៅទស្សនាភូមិសូត្រ Van Phuc គឺជាឱកាសមួយដើម្បីវិលត្រឡប់ទៅរកអតីតកាល និងទទួលបានបទពិសោធន៍ពីរបៀបរស់នៅបែបប្រពៃណីនៅក្នុងភូមិភាគខាងជើងនៃប្រទេសវៀតណាម។ ទស្សនា និងកោតសរសើរចំពោះសិប្បករក្នុងស្រុកដែលកំពុងត្បាញនៅលើកីតម្បាញដើម្បីបង្កើតផលិតផលសូត្រជាច្រើនប្រភេទ រួមមាន ក្រមា រ៉ូប ក្រវាត់ក និងរបស់ជាច្រើនទៀត។ ភ្ញៀវទេសចរនឹងបានឃើញដើមជ្រៃធំៗ អណ្តូងបុរាណ និងផ្ទះសហគមន៍ដែលបានឈរជើងអស់ជាច្រើនសតវត្សមកហើយនៅក្នុងភូមិ។

vp1
  1. ភូមិសូត្រ Nha Xa, Ha Nam

ភូមិសូត្រ Nha Xa មានទីតាំងស្ថិតនៅក្នុងឃុំ Moc Nam, ស្រុក Duy Tien, ខេត្ត Ha Nam លើច្រាំងខាងឆ្វេងនៃទន្លេក្រហម (Red River) ជាប់ព្រំប្រទល់ខេត្ត Hung Yen។ ផលិតផលសូត្ររបស់ភូមិ Nha Xa គឺជាផលិតផលដែលលក់ដាច់បំផុតតាំងពីបុរាណកាលមកម្ល៉េះ។ 

ដំណើរការផលិតសូត្ររួមមានជំហានជាច្រើន ចាប់តាំងពីការបង្វិលអំបោះ ការរៀបសរសៃអំបោះ ការត្បាញ រហូតដល់ការជ្រលក់ពណ៌។

nhaxa

ម៉ាស៊ីនត្បាញនៅភូមិសូត្រ Nha Xa។ រូបថត៖ TITC

ផលិតផលសូត្រ Nha Xa មានភាពសម្បូរបែបទាំងប្រភេទ និងគុណភាព។ ក្រណាត់ប៉ាក់ សូត្ររលោង និងសូត្រមានផ្កាមានរចនាប័ទ្ម និងពណ៌ជាច្រើនប្រភេទ។ ក្រណាត់ទេសឯក (Linen) គឺជាផលិតផលដែលពេញនិយម ហើយមានកម្រាស់ខុសៗគ្នា។ ពីក្រណាត់ទេសឯកនេះ សិប្បករ Nha Xa អាចបង្កើតផលិតផលដែលទាក់ភ្នែកជាច្រើនដែលមានទំហំខុសៗគ្នា ដូចជាកន្សែង និងអាវជាដើម។

ភូមិនេះស័ក្តិសមសម្រាប់អ្នកដែលធ្វើដំណើរឆ្ពោះទៅកាន់ Ninh Binh ឬជាដំណើរកម្សាន្តរយៈពេលមួយថ្ងៃពីទីក្រុងហាណូយ។

  1. ភូមិសូត្រ Tan Chau, An Giang

ភូមិសូត្រ Tan Chau ស្ថិតនៅភាគពាយព្យនៃខេត្ត An Giang ដែលជាកន្លែងមានប្រវត្តិសាស្ត្សដ៏យូរលង់នៃការកែច្នៃសូត្រ។ បច្ចេកវិទ្យាត្បាញសូត្រក្នុងស្រុកត្រូវបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។

សូត្រ Tan Chau ល្បីល្បាញដោយសារតែភាពទន់ ស្វិត ជាប់បានយូរ និងសមត្ថភាពស្រូបទឹកខ្ពស់នៃវត្ថុធាតុសូត្រធម្មជាតិ។ សម្លៀកបំពាក់ដែលធ្វើពីសូត្រ Tan Chau ផ្តល់នូវភាពងាយស្រួល ត្រជាក់ក្នុងរដូវក្តៅ និងកក់ក្តៅក្នុងរដូវរងា។ តាមពិតទៅ វត្ថុធាតុដើមសម្រាប់ធ្វើសូត្រ Tan Chau គឺត្រូវបានផលិតឡើងដោយអ្នកភូមិផ្ទាល់តែម្តង។ ពួកគាត់ដាំដើមមនសម្រាប់ឱ្យដង្កូវនាងស៊ី និងបង្កើតសូត្រ ហើយដាំដើមឈើម្យ៉ាងហៅថា “mặc nưa” (mac leua) ដើម្បីយកផ្លែសម្រាប់ជ្រលក់ពណ៌។ ដើម្បីផលិតបានសូត្រ Tan Chau មួយម៉ែត្រ ផលិតករត្រូវចំណាយពេល និងកម្លាំងពលកម្មយ៉ាងច្រើនតាមរយៈដំណាក់កាលផ្សេងៗគ្នា។

ក្រៅពីពណ៌ខ្មៅប្រពៃណីនៃការជ្រលក់ពណ៌ធម្មជាតិពីផ្លែឈើ mac leua ផលិតករសូត្រ Tan Chau ក៏បានស្វែងរកបច្ចេកទេសជ្រលក់ពណ៌ផ្សេងទៀតដើម្បីបង្កើតពណ៌ផ្សេងៗគ្នា ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។

  1. ភូមិសូត្រ Duy Xuyen, Hoi An

ភូមិសូត្រ Duy Xuyen ឬត្រូវបានគេស្គាល់ផងដែរថាជាភូមិសូត្រ Hoi An មានទីតាំងស្ថិតនៅក្នុងទីក្រុង Hoi An ខេត្ត Quang Nam ប្រទេសវៀតណាម។ ភូមិត្បាញសូត្រប្រពៃណីនេះមានប្រវត្តិច្រើនជាង ៣០០ ឆ្នាំមកហើយ ហើយរហូតមកដល់ពេលនេះ វានៅតែរក្សាបាននូវដំណាក់កាលទាំងស្រុងចាប់តាំងពីការចិញ្ចឹមដង្កូវនាង រហូតដល់ការត្បាញសូត្រ។

hoian

ភ្ញៀវទេសចរដែលមកលេង Hoi An កុំភ្លេចឆៀងចូលភូមិសូត្រ Duy Xuyen ដើម្បីទស្សនាដំណាក់កាលផ្សេងៗគ្នានៃការកែច្នៃសូត្រ។ ចាប់តាំងពីសួនដើមមនចាស់ ដែលជាកន្លែងចិញ្ចឹមដង្កូវនាង រហូតដល់កន្លែងត្បាញសូត្រ ពីសរសៃសូត្រនៅលើកីតម្បាញ រហូតដល់ក្លាយជាអាវ ឬកន្សែងដែលមានពណ៌ស្រស់ឆើតឆាយ។

ភ្ញៀវទេសចរនឹងអាចស្វែងយល់ និងរៀនសូត្រពីរបៀបត្បាញសូត្របែបប្រពៃណីរបស់វៀតណាម។ ភ្ញៀវទេសចរមិនត្រឹមតែចាប់អារម្មណ៍នឹងសម្រស់នៃការងារដ៏សកម្ម និងគួរឱ្យកោតសរសើររបស់សិប្បករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឱ្យតម្លៃលើរាល់ផលិតផលសិប្បកម្មប្រពៃណីនីមួយៗផងដែរ។