ទីក្រុងហូជីមិញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីប្រគល់ពានរង្វាន់ប្រចាំតំបន់អាស៊ី និងអូសេអានី នៃកម្មវិធី World Travel Awards លើកទី ២៩ ដែលជាពានរង្វាន់ប្រចាំឆ្នាំទទួលស្គាល់ឧត្តមភាពនៅក្នុងឧស្សាហកម្មទេសចរណ៍សកលលោក។
«ក្នុងនាមជាទីក្រុងដ៏ធំមួយដែលមានថាមពលគ្មានដែនកំណត់ ទីក្រុងហូជីមិញ បានច្របាច់បញ្ចូលគ្នានូវវៀតណាមសម័យចាស់ និងសម័យថ្មី ដែលតំណាងឱ្យអតីតកាល ក៏ដូចជាអនាគតកាលរបស់ទីក្រុងនេះ។ ដើរកម្សាន្តតាមច្រកផ្លូវតូចៗ និងផ្សារនានា ស្វែងយល់ពីប្រាសាទ និងវត្តអារាមនានា ហើយស្វែងរកផ្សារទំនើបលំដាប់ខ្ពស់នៅក្រោមអគារខ្ពស់កប់ពពក នៅក្នុងការរួមបញ្ចូលគ្នាយ៉ាងទាក់ទាញនៃពិភពលោកផ្សេងៗគ្នាទាំងនេះ» នេះជាការលើកឡើងរបស់ស្ថាប័ន World Travel Awards។
នេះជាលើកទីពីរហើយដែលប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពានរង្វាន់នេះ ដែលត្រូវបានគេប្រសិទ្ធនាមថាជា «ពានរង្វាន់អូស្ការនៃឧស្សាហកម្មទេសចរណ៍»។ កាលពីឆ្នាំ ២០១៩ ម៉ាកយីហោទេសចរណ៍ដ៏ឆ្នើមបំផុតនៅអាស៊ី និងអូសេអានី ត្រូវបានប្រកាសនៅក្នុងពិធីជប់លៀងហ្គាឡាដ៏ធំមួយដែលមានការចូលរួមពីតារាល្បីៗនៅលើកោះធម្មជាតិដ៏ស្រស់ត្រកាល Phu Quoc នៃប្រទេសវៀតណាម។
«ប្រទេសវៀតណាមគឺជាប្រទេសដ៏អស្ចារ្យមួយដែលមានសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រទេសនេះមានធម្មជាតិដ៏ស្រស់ត្រកាល និងប្រជាជនរួសរាយរាក់ទាក់។ យើងសង្ឃឹមថានឹងអាចរៀបចំសប្តាហ៍ពានរង្វាន់ World Travel Awards បន្ថែមទៀតនៅក្នុងប្រទេសវៀតណាមនាពេលអនាគត» នេះជាប្រសាសន៍របស់ប្រធាន និងជាស្ថាបនិក WTA លោក Graham Cooke នៅក្នុងជំនួបជាមួយលោក Nguyen Trung Khanh ប្រធានរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT) កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២។
ប្រទេសវៀតណាមធ្លាប់ទទួលបានពានរង្វាន់ World Travel Awards ជាច្រើនរួចមកហើយ ដូចជា គោលដៅបេតិកភណ្ឌឈានមុខគេលើពិភពលោក, គោលដៅវាយកូនហ្គោលល្អបំផុតលើពិភពលោក, គោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ី, គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ី, គោលដៅម្ហូបអាហារឈានមុខគេនៅអាស៊ី... VNAT ត្រូវបានផ្តល់កិត្តិយសពីរដងជាក្រុមប្រឹក្សាទេសចរណ៍ឈានមុខគេនៅអាស៊ីក្នុងឆ្នាំ ២០១៧ និង ២០២១។
ឆ្នាំនេះ ប្រទេសនេះត្រូវបានដកស្រង់ឈ្មោះបេក្ខភាពសម្រាប់ជាង ៦០ ប្រភេទ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ World Travel Awards ប្រចាំឆ្នាំលើកទី ២៩ នៅក្នុងតំបន់អាស៊ី និងអូសេអានី រួមមាន ក្រុមប្រឹក្សាទេសចរណ៍ឈានមុខគេ, គោលដៅទេសចរណ៍ឈានមុខគេ, គោលដៅបេតិកភណ្ឌឈានមុខគេ, គោលដៅវប្បធម៌ឈានមុខគេ, គោលដៅធម្មជាតិឈានមុខគេ, គោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាពឈានមុខគេ, គោលដៅឆ្នេរសមុទ្រឈានមុខគេ...
ពិធីជប់លៀងហ្គាឡានេះនឹងប្រព្រឹត្តទៅមុនពេលពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញចាប់ផ្តើម (ITE HCMC 2022 ចាប់ពីថ្ងៃទី ៨-១០ ខែកញ្ញា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតសៃហ្គន (SECC))។
